អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលស៊ុមទ្វារប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាត
ភ្នំពេញ៖ ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុល ពង្រឹងស៊ុមទ្វារបញ្ឆោតទាំងបីដែលសាងសង់ពីថ្មភក់របស់ប្រាសាទបក្សីចាំក្រុង ដែលទទួលរងការខូចខាតពុកផុយដោយកត្តាផ្សេងៗ ក្នុងគោលបំណងថែរក្សាប្រាសាទបុរាណដ៏មានតម្លៃនេះឱ្យបានយូរអង្វែងបន្តទៀត។
បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ទុយ សីហច័ន្ទ មានប្រសាសន៍ថា ដោយសារតែអាយុកាល កម្ដៅថ្ងៃ សំណើម លាមកសត្វ និងស្លែ ធ្វើឱ្យស៊ុមទ្វារទាំងបីទិសរបស់ប្រាសាទបក្សីចាំក្រុង រួមមានទិសខាងជើង ទិសខាងត្បូង និងជាពិសេសទិសខាងលិច បានរងការខូចខាតយ៉ាងខ្លាំងផ្នែកជើងខាងក្រោម៕