ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជេីញដឹកនាំកិច្ចប្រជុំបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជេីញជាអធិបតីដឹកនាំប្រជុំបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង ស្នងការរង នាយការិយាល័យ អធិការ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះដែលបានទទួលស្វាគមន៍ និងរៀបចំពិធីកិច្ចប្រជុំបិទការងារសវនកម្មផ្ទៃក្នុងនាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តី នគរបាលជាតិចំណុះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះទាំងអស់ដែលបានខិតខំអនុវត្តតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ និងលះបង់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ក្នុងការធ្វើឱ្យប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរការដោយមានប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយទៅលើការប្រើប្រាស់ធនធានរបស់អង្គភាព។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានលើកឡើងពីអនុសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការកែទម្រង់លើការងារគ្រប់វិស័យ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃដោយផ្តោតសំខាន់លើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព គណនេយ្យភាព និងសុចរិតភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងជនជាប់ឃុំ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ៕