ឯកឧត្តម សុខ លូ នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង ចែកជូនពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងទឹកជំនន់ ជិត២ពាន់គ្រួសារ ស្ថិតក្នុងស្រុកសង្កែ និងស្រុករតនៈមណ្ឌល
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ និងស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួនជិត២ពាន់គ្រួសារ ក្នុងនោះ ស្រុកសង្កែ ១,៧០២ គ្រួសារ និងស្រុករតនៈមណ្ឌល ចំនួន ៨២គ្រួសារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់ គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។
ឯកឧត្តមបានបន្តទៀត ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ៕