ក្រសួងវប្បធម៌ ចេញលិខិតកោតសរសើររដ្ឋបាលខេត្តក្រចេះ ក្រោយមេប៉ុស្តិ៍ស្រែចារ ដែលឃាត់ការសម្ដែងល្ខោន ត្រូវបានព្យួរការងារ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតកោតសរសើរដល់រដ្ឋបាលខេត្តក្រចេះ ក្រោយមេប៉ុស្តិ៍ស្រែចារ ដែលទៅឃាត់ការសម្ដែងល្ខោន ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន។
ក្រសួងវប្បធម៌ បានចាត់ទុកថា វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមព្រឹត្តិការណ៍ដែលបានកើតមានឡើងកន្លងមក នៅស្រុកស្នួល ខេត្តក្រចេះ ក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយស្រីម៉ៅ បានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០១៥ ជាក្រុមសិល្បៈដែលមានអាសយដ្ឋានច្បាស់លាស់ និងមានការទទួលស្គាល់ពីសំណាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់បច្ចុប្បន្នក្រុមសិល្បៈនេះ បាននិងកំពុងបន្តផ្តល់សេវាកម្មជាផ្ទាំងទស្សនីយភាព ល្ខោនបាសាក់នៅតាមបណ្តាខេត្តក្រុងនានា។
លិខិតដដែលបានបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់ ឯកឧត្តម អភិបាលខេត្ត ក៏ដូចជារបស់ស្នងការនគរបាលខេត្ត ចំពោះព្រឹត្តិការណ៍ដែលបានកើតមាននៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដែលវិធានការនេះសរបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសកម្មភាពសម្ដែងសិល្បៈ ទស្សនីយភាព ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រពៃណីវប្បធម៌ជាតិ ហើយដែលរាជរដ្ឋាភិបាលតែងតែផ្តល់ ការគាំទ្រ។ វិធានការនេះ គឺជាគំរូសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈ ងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងសិល្បៈថ្នាក់ជាតិ ក្នុងការរៀបចំការសម្តែងនៅតាម ទីសាធារណៈនានានៅទូទាំងប្រទេស»។
«ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមស្នងការនគរបាលខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ចំពោះវិធានការ ដែលបានដាក់ចេញដ៏ឆាប់រហ័ស និងកិច្ចសហការដ៏ល្អ ចូលរួមដល់កិច្ចការអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិ»។ នេះបើតាមក្រសួងវប្បធម៌។
សូមជម្រាបថា បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។
ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ៕