ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំដែងការគួរសមជាមួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំដែងការគួរសមជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។
ជំនួបសំដែងការគួរសមនារសៀលនេះ គឺជាការជួបពិភាក្សាការងារ ប្រកបដោយបរិកាសរីករាយ និងស្និទ្ធស្នាល ក្នុងគោលបំណងរួមចំណែកដល់ការគាំទ្រគ្នាទៅវិញទៅមក លើស្មារតីនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានចែងជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដែលជាការឆ្លើយតបតាមចក្ខុវិស័យដឹកនាំ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕