ប្រធានគណៈមេធាវីកម្ពុជា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីឥណ្ឌា នៅទីក្រុងបឹងហ្គាឡូរ៉ូ
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ឯកឧត្តម Prashant Kumar ប្រធានគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ជាពិសេសចែករំលែកព័ត៌មានអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងមេធាវីបរទេស ជួយគ្នាទៅវិញទៅមកក្នុងការផ្សាយអត្ថបទច្បាប់រវាងប្រទេសទាំងពីរ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានសម្តែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ៕