សម្តេចធិការធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ស្តេចយាងទតនិងបិទបញ្ចប់នូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ទតព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រះពន្លាជ័យ មុខព្រះបរមរាជវំាង ក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់នូវព្រះពិធីបុណ្យគម្រប់រយៈពេលបីថ្ងៃ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតមាន សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សមាជិកសមាជិកា ព្រឹទ្ឋសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានយាងនិងអញ្ជើញដង្ហែព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នៅក្នុងថ្ងៃបញ្ចប់ព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គេសង្កេតឃើញវត្តមានកាន់តែយ៉ាងច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ បានចូលរួមទស្សនានិងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យយ៉ាងសប្បាយរីករាយជាទីបំផុត។
ក្រោយពីការប្រណំាងទូកងបានចប់សព្វគ្រប់ជាស្ថាពរ មានប្រារព្ឋពិធីកាត់ព្រ័ត្រ ដែលជាការបិទបញ្ចប់នូវព្រះរាជពិធីបុណ្យ ដោយបរិបូរណ៍។ ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចយាងប្រទាននូវព្រះរាជរង្វាន់ជានិមិត្តរូប ជូនដល់ក្រុមកីឡាករនិងកីឡាការិនីទូកង ដែលទទួលបានជ័យលាភីផងដែរ ៕