ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទ ដែលសហការគ្នាបានល្អក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក
ភ្នំពេញ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលសហការគ្នាបានយ៉ាងល្អក្នុងកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទាំងស្រុង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា កងកម្លាំងទាំងអស់បានលះបង់កម្លាំងកាយចិត្ត ពេលវេលាទាំងយប់ថ្ងៃ បំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំង ប្រកបដោយភាពរឹងមាំ ស្វាហាប់ ក្នុងការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងរយៈពេល៣ថ្ងៃនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បានចូលរួមកម្សាន្ដ ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព តាមរយៈការដឹកនាំដ៏ត្រចះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖
«ខ្ញុំសូមសម្តែង នៃសេចក្តីកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និង អ្នកជំងឺ ចំពោះការដឹកនាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ទទួលបានជោគជ័យ យ៉ាងរលូន និងល្អប្រសើរ។
ខ្ញុំក៏សូមផ្តាំផ្ញើការសួរសុខទុក្ខ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មការ មេបញ្ជាការគ្រប់គោលដៅ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាទាំងយប់ថ្ងៃ បំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំង ប្រកបដោយភាពរឹងមាំ ស្វាហាប់ ក្នុងការថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងរយៈពេល៣ថ្ងៃនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាយើងរាប់លាននាក់ បានចូលរួមកម្សាន្ដក្នុងព្រះរាជពិធី ក្រោម បរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព តាមរយៈការដឹកនាំដ៏ត្រចះត្រចង់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណៈកម្មការ មេបញ្ជាការគ្រប់គោលដៅ និងកងកម្លាំងយើងទាំងអស់ សូមទទួលបានសុខភាពល្អ កម្លាំងពលៈមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច” ៕