សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបញ្ឈប់ ការអភិវឌ្ឍអគ្គិសនីដុតធ្យូងថ្ម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ។
ក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មមានស្រាប់ បញ្ឈប់ដំណើរការមុនកាលកំណត់។ នៅខែវិច្ឆិកា ឆ្នាំ២០២១, រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងបរិស្ថាន បានប្រកាសនៅក្នុងសន្និសីទស្តីពី ការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP 26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេសថា «កម្ពុជានឹងបញ្ឈប់ធ្វើការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម»។
សម្ដេចបន្ថែមថា «ពាក់ព័ន្ធបញ្ហានេះ, ខ្ញុំព្រះករុណាខ្ញុំ សូមជម្រាបជូនថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។ ជាមួយគ្នានេះ, ខ្ញុំព្រះករុណាខ្ញុំ ក៏បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលទ្ធភាពអំពីការឈានមួយជំហានទៀត ឆ្ពោះទៅរកការសាកល្បងដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ផងដែរ»។
សម្តេចធិបតី ថ្លែងថា វិស័យថាមពល ក្នុងពិភពលោកបច្ចុប្បន្ននេះ កំពុងនៅក្នុងរបត់ដ៏សំខាន់មួយ ដែលប្រទេសនីមួយៗមានភារកិច្ច មិនត្រឹមតែធានាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព, ស្ថិរភាព, ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ, ប៉ុន្តែ ក៏ត្រូវធ្វើឱ្យវិស័យថាមពលឈានទៅរកអព្យាក្រឹត្យភាពកាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ ៕