ក្រសួងអធិការកិច្ច និងគណៈមេធាវី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្ដឹង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់គ្នានេះ។
អនុស្សរណៈលើការយោគយល់គ្នានេះ បានផ្តោតលើគោលបំណងសំខាន់ៗគឺ ៖
១-ការពង្រឹងកិច្ច សហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលដៅធានានូវសង្គតិភាព សុខដុមភាពនៃវិធានច្បាប់ នីត្យានុកូលភាព ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់លើកិច្ចការជំនាញ។
២-ការផ្តល់ប្រឹក្សាផ្នែកច្បាប់។
៣-ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកពង្រឹងនីតិរដ្ឋនិងលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី សរុបប្រមាណ ២៥០នាក់។
ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក្រសួងអធិការកិច្ច និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នឹងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅឆ្ពោះទៅសម្រួចការអនុវត្ត ការងារកំណែទម្រង់ និងអភិបាលកិច្ច ដែលជាស្នូលនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាអាទិ៍ ៖
-ការរៀបចំសិក្ខាសាលារួមគ្នារវាងក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ និងផ្សព្វផ្សាយអំពីច្បាប់
-ការចាត់តាំងមេធាវី និងអ្នកជំនាញ ធ្វើជាវាគ្មិននិងគ្រូឧទ្ទេសដើម្បីផ្សព្វផ្សាយច្បាប់និងជំនាញអធិការកិច្ច ក្នុងវេទិកាសាធារណៈ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា
-ការផ្តល់ប្រឹក្សាផ្នែកច្បាប់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអធិការកិច្ច។
-ការផ្តល់ប្រឹក្សាយោបល់ និងផ្តល់សេវាការពារផ្នែកច្បាប់ដល់ក្រសួងអធិការកិច្ច ក្នុងការសម្របសម្រួល ដោះស្រាយបណ្ដឹងនានា។
-ការចាត់តាំងមេធាវីដើម្បីសិក្សា ផ្តល់យោបល់ និងចូលរួមការពារផលប្រយោជន៍ដល់ជនរងគ្រោះដោយការរំលោភបំពាន។
-ការជួយផ្សព្វផ្សាយ និងលើកកម្ពស់វិស័យអធិការកិច្ចតាមរយៈសិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗរបស់ គណៈមេធាវី។
-ការជួយផ្សព្វផ្សាយ និងលើកកម្ពស់វិជ្ជាជីវៈមេធាវីក្នុងក្របខ័ណ្ឌក្រសួង និងព្រឹត្តិការណ៍ផ្សេងៗដែល រៀបចំដោយក្រសួងអធិការកិច្ច។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ ហើយ ដែលក្រសួងអធិការកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងនៃការលើកកម្ពស់ ការយល់ដឹងផ្នែកច្បាប់ ដើម្បីធានាប្រសិទ្ធភាពលើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ការដោះស្រាយ បណ្ដឹង ការផ្តល់ប្រឹក្សា ការជួយផ្ដល់សេវាការពារ និងការបណ្តុះបណ្ដាលផ្នែកច្បាប់ ដោយធានាបាននូវគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវលើការអនុវត្តតួនាទីនិងភារកិច្ចរបស់ស្ថាប័នទាំងពីរ ក្នុងឆន្ទៈចូលរួមគាំទ្រដល់ ការងារកំណែទម្រង់ស៊ីជម្រៅ ការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ ៕