ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីកសាងពិភពលោកឲ្យស្រស់ស្អាត
ឌូបៃ៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានទំនួលខុសត្រូវដ៏សំខាន់មួយ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីកសាងពិភពលោកស្អាត។
លោក Ding តំណាងពិសេសរបស់ប្រធានាធិបតីចិន Xi Jinping និងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)។
លោក Ding បានបង្ហាញពីបំណងល្អរបស់លោក Xi សម្រាប់ UAE ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។ លោកបានលើកឡើងថា កាលពីប្រាំបីឆ្នាំមុន លោក Xi បានធ្វើការជាមួយមេដឹកនាំនៃប្រទេសដទៃទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាមួយនឹងការប្តេជ្ញាចិត្ត និងប្រាជ្ញាបំផុតខាងនយោបាយ ហើយបានចាប់ផ្តើមដំណើរថ្មីនៃកិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។
លោក Ding បានបញ្ជាក់ថា ប្រទេសចិនតែងតែរក្សាការសន្យារបស់ខ្លួន និងបានរួមចំណែកយ៉ាងសំខាន់ចំពោះអភិបាលកិច្ចអាកាសធាតុពិភពលោក ដោយបន្ថែមថា ប្រទេសចិនបានជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍន៍បៃតង បដិវត្តន៍ថាមពល និងការប្រែប្រួលអាកាសធាតុ និងបានគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបង្កើនសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
លោក Ding បានសង្កត់ធ្ងន់ថា មនុស្សជាតិចែករំលែកជោគវាសនារួមក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ហើយភាគីទាំងអស់គួរតែពង្រឹងការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ពួកគេដើម្បីរួមគ្នាដោះស្រាយវា។
ប្រភព៖ XINHUA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង