សម្ដេចធិបតី សរសើរឯកឧត្ដម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថាជាមនុស្សដែលធ្វើការងារច្រើននៅតាមមូលដ្ឋាន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពោលពាក្យសរសើរ ឯកឧត្ដម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថាជាមនុស្សដែលធ្វើការងារច្រើន នៅតាមមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតីបានបន្ថែមថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាណត្តិទី៧រូបនេះ មិនមែនធ្វើការតែក្នុងការរិយាល័យនោះទេគឺ ចុះមូលដ្ឋានជាប្រចាំ នៅតំបន់ខេត្តសៀមរាប កំពត កែប និងតំបន់ទេសចរណ៍នានា។
សម្ដេចធិបតីបានរម្លឹកថា សូមធ្វើជាមន្ត្រីជើង២ កុំធ្វើជាមន្ត្រីជើង១០ ពាក្យមន្ត្រីជើង២ គឺសំដៅលើមន្ត្រីដែលចុះបំពេញការងារផ្ទាល់នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាចំណែកមន្ត្រីជើង១០ គឺសំដៅលើមន្រ្តី ដែលបម្រើការងារនៅតែក្នុងការិយាល័យ ហើយរង់ចាំតែរបាយការណ៍ ដោយមិនពិនិត្យមើលស្ថានភាពជាក់ស្ដែង៕