សម្ដេចធិបតី៖ ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ដើម្បីទាក់ទាញទេសចរណ៍មកកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា។
សម្ដេចធិបតីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតីបានណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើសន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាត៕