សម្ដេចធិបតី៖ បុណ្យសមុទ្រឆ្នាំ២០២៣ មានភ្ញៀវទេសចររាប់ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ដ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា បុណ្យសមុទ្រឆ្នាំ២០២៣ មានភ្ញៀវទេសចររាប់ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ដក្នុងរយៈពេល៣ថ្ងៃមកនេះ។
ក្នុងឱកាសអញ្ជើញបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា នេះក៏ជាលើកទី១ សម្រាប់សម្ដេចដែលបានអញ្ជើញចូលរួមទាំងពិធីបើក និងពិធីបិទបុណ្យសមុទ្រឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា បុណ្យសមុទ្រឆ្នាំ២០២៣ ក៏បានបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុនៗផងដែរ លើចំនួនស្ដង់ពិព័រណ៌ដែលមានរហូតដល់ជិត៥០០ស្ដង់ ហើយស្ដង់ទាំងអស់នោះមានផលិតផល មកពីបណ្ដារាជធានី-ខេត្តផ្សេងៗ នៅទូទាំងប្រទេសតែម្ដង៕