គណៈកម្មការខេត្តឡុងអាន និងក្រុមការងារជំនាញខេត្តស្វាយរៀង ជួបពិភាក្សាពីការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានទទួលបដិសណ្ឋាការកិច្ចប្រតិភូគណ:កម្មការដឹកនាំ៥១៥ ខេត្តឡុងអាន សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកប្រជុំពិភាក្សាការងារជាមួយក្រុមការងារជំនាញ ខេត្តស្វាយរៀង ដែលបានសហការប្រមូលរុករកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាត្រឡប់ទៅមាតុភូមិ ឆ្នាំ២០២៣។
ពិធីនេះប្រតិភូមិត្តវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រិន វិញង៉ុក អនុប្រធានគណ:កម្មាធិការបក្ស យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងភាគីកម្ពុជាយើងដឹកដោយលោកឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។ ក្នុងជំនួបនាឱកាសនេះលោកឧត្តមសេនីយ៍ត្រី ត្រិន វិញង៉ុក បានអបអរសាទរ និងជូនពរ លោកឧត្តមសេនីយ៍ត្រី ថុល សុធី ដែលថ្នាក់លើផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ជំនួសលោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
លោកបានបន្ថែមថាភាគីវៀតណាមសូមអរគុណជាខ្លាំងដល់ភាគីកម្ពុជាដែលសហការជួយរុករកគាស់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្រ្គាមក្នុងរយ:ពេលកន្លងមកក្នុងបុព្វហេតុបង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។
ភាគីទាំងពីរបានប្ដេជ្ញាបន្តសហការរួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ពត៌ក្លែងក្លាយតាមបន្ទាត់ព្រំដែន ដើម្បីសំរួលដល់ការចេញចូលរកស៊ីរបស់ប្រជាជនយើងទាំងសងខាង។
សូមបញ្ជាក់ផងដែរថាការសហការរុករកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមរវាងក្រុមការងារK73 កងទ័ពប្រជាជនវៀតណាម និងក្រុមការងារជំនាញ ខេត្តស្វាយរៀង បានចាប់ផ្ដើមពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០១ រហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ ជាលទ្ធផលរុរកគាស់ចំនួន ២២៨៤អដ្ឋិធាតុ ក្នុងនោះមានឈ្មោះ និងអាសយដ្ឋានចំនួន ១៥៩អដ្ឋិធាតុ ៕