សម្តេចធិបតី៖ ការប្រារព្ធទិវាជនមានការពិការភាពនេះ គឺដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធទិវាជនមានការពិការភាពនេះ ធ្វើឡើងដើម្បីរំលឹកពីមហាវិនាសកម្មដែលកើតឡើងដោយសារសង្រ្គាម ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមរាប់លានតោន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះជាសោកនាដកម្មមួយដែលបានកើតឡើងចំពោះប្រជាជនកម្ពុជា និងរងគ្រោះពីការទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឱ្យរបួសពិការស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងអស់បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសម័យនេះ ៕