សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំកែលំអរជីវភាពរស់នៅ និងធានាកាត់ប្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រៅពីនេះ សប្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែកទាំងធនធានថវិកា ធនធានមនុស្សដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាពនៅកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ ឱ្យមានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាពនៅក្នុងសង្គម ដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ៕