អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឲ្យយុវជនមកពីគ្រួសារក្រីក្រ ជនងាយរងហានិភ័យ និងកម្មករនិយោជិត ចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំពាវនាវឲ្យយុវជន មកពីគ្រួសារក្រីក្រ ជនងាយរងហានិភ័យ និងកម្មករនិយោជិត ចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់លើកម្រិតសញ្ញបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដោយត្រូវសិក្សារយៈពេល ៤ខែ ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានយុវជនមកពីគ្រួសារក្រីក្រ ជនងាយរងហានិភ័យ ចាប់ពីអាយុ ១៥ ដល់៤៥ឆ្នាំ ចំនួន ២៧.០៧០នាក់ (ក្នុងនោះស្រី ១៣.៦៧៥នាក់) ។ ជាមួយគ្នានោះខេត្តស្ទឹងត្រែង ក៏មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួនមួយ។
ជាមួយគ្នានោះដែរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មជ្ឈមណ្ឌលត្រូវការជ្រើសរើសសិក្ខាកាម ឲ្យចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន ២៤០នាក់ តាមមុខជំនាញដូចខាងក្រោម៖ ១.សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ៣០នាក់, ២.ការដំលោះងបណ្ដាញអគ្គិសនីក្នុងអគារ ៣០នាក់, ៣.ការងារកំបោរ ៣០នាក់, ៤.ការផ្សារអគ្គិសនី ៣០នាក់, ៥.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៣០នាក់ , ៦.សេវាកុំព្យូទ័រ ៣០នាក់ , ៧.សម្អាងកាយ ៣០នាក់ ,៨.ជួសជុលម៉ូតូ ៣០នាក់ ។
សម្រាប់មុខជំនាញមានដូចជា៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡេងសរសៃដែក, ការងារកំបោរ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ការផលិតនំ, ការកែច្នៃបន្លែ និងផ្លែឈើ, ការដំឡើងគ្រឿងឈើសម្រេច, ការដំឡើង និងថៃទាំកាម៉េរាសុវត្ថិភាព, សេវាកម្មកាត់ដេរសម្លៀកបំពាក់, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលកុំព្យូទ័រ, សេវាកម្មសំអាងកាយ, ប្រព័ន្ធបញ្ជាម៉ូទ័រ, មូលដ្ឋានគញរឹះគណនេយ្យ, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការចិញ្ចឹមត្រីប្រា, និងការដាំស្វាយកែវរបៀត ។
សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ការសិក្សាដោយឥតបង់ថ្លៃ, ផ្ដល់កន្លែងស្នាក់នៅ, ផ្ដល់ជូននូវការប្រើប្រាស់ទឹក ភ្លើង ដោយមិនគិតថ្លៃ, ឧបត្ថម្ភប្រាក់ ២៨ម៉ឺនរៀល ក្នុង១ខែ (រយៈពេល ៤ខែ), ពេលកំពុងសិក្សាសិក្ខាកាមបានបទពិសោធន៍ពីការចុះកម្មសិក្សា, ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិទ្យាស្ថានជួយរការងារជូន ក្រោយពេលបញ្ចប់ការសិក្សា ដោយទទួលបានប្រាក់ខែសមរក្យ ។
ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១.៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថា កំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់ ។
សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
គោលបំណងកម្មវិធី គឺដើម្បីផ្តល់នូវឱកាសស្មើគ្នាជូនដល់យុវជន មកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដើម្បី
ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរ ក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ នឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធី បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ ១.៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាព និងកាត់បន្ថយការលំបាក ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនូវវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេស រៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន បន្ទប់រៀន បន្ទប់អនុវត្ត និងបន្ទប់ពិសោធន៍ ព្រមទាំងការកំណត់នូវកម្មវិធីសិក្សាផ្តោតលើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។
សម្រាប់ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានដូចខាងក្រោម៖
website: www.tvet.gov.kh
Mobile App: TVET 1.5M
IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
Play Store: https://play.google.com/store/apps/details?id=com.tvet.scholarship.app
Huawei Gallery: https://appgallery.huawei.com/app/C109430421