ក្រសួងរៀបចំដែនដី ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឱ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឱ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីនិងផែនការបន្ត (+AI) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ ដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAI ៕