កម្ពុជា-ចិន ប្តេជ្ញាចិត្តបន្តកិច្ចសហការរួមគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម Yang Chunlei អគ្គលេខាធិការរងនៃគណៈកម្មាធិការកិច្ចការនយោបាយច្បាប់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម Yang Chunlei អគ្គលេខាធិការរងនៃគណៈកម្មាធិការកិច្ចការនយោបាយច្បាប់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃនេះ។ ទន្ទឹមនេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការកិច្ចការនយោបាយច្បាប់ នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន ចំពោះការជួយជ្រោមជ្រែង គាំទ្រ និងសហការ ដើម្បីចូលរួមចំណែកការពារសុខសន្តិភាពជូន ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម Yang Chunlei អគ្គលេខាធិការរងនៃគណៈកម្មាធិការ កិច្ចការនយោបាយច្បាប់នៃមជ្ឈឹមបក្សកុំម្មុយនីស្តចិន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាថ្ងៃនេះ។
ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហការរួមគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកការពារសុខសន្តិភាពជូនប្រជាជន នៃប្រទេសទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានថ្លែងអំណរគុណជូនចំពោះ ភាគីចិន ដែលជានិច្ចជាកាល តែងជួយជ្រោមជ្រែង និងគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ៕