ប្រមុខរាជរដ្ឋាភិបាល៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រៀបចំឡើងដើម្បីកែទម្រង់ប្រព័ន្ធគាំពារសង្គម ជួយដល់ប្រជាពលរដ្ឋក្រីក្រ
ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រៀបចំឡើងដើម្បីកែទម្រង់ប្រព័ន្ធគាំពារសង្គម លើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅក្នុងសង្គម។
សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការដោះស្រាយក្នុងរយៈពេលខ្លី មិនអាចជួយប្រជាពលរដ្ឋឱ្យមានភាពរឹងមាំងបានទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និង ជាពិសេស ដើម្បីបង្ហាញទៅដល់អ្នកដែលនិយាយថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយថវិកាជាង ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា ៕