ឯកឧត្តម សួស យ៉ារ៉ា៖ កិច្ចការសំខាន់មួយ ទាមទារការចូលរួមចំណែករបស់យើងទាំងអស់គ្នា ក្នុងនាមជាស្ថាប័ន នីតិប្បញ្ញតិនោះគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌច្បាប់
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា បានធ្វើការចែករំលែកនូវទស្សនទាន ដោយបានគូសបញ្ជាក់ពីកិច្ចការសំខាន់មួយ ទាមទារការចូលរួមចំណែករបស់យើងទាំងអស់គ្នា ក្នុងនាមជាស្ថាប័ន នីតិប្បញ្ញតិនោះគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌ ក៏ដូចជាបទប្បញ្ញតិ នានា(harmonization of legal frameworks) ដែលជាកត្តាសំខាន់ ដើម្បីសំដៅជួយសម្រួលដល់ការអនុវត្តផែនការសកម្មភាពទាំងឡាយ ឱ្យមានប្រសិទ្ធិភាព។
ឯកឧត្តម ប្រធានគណៈកម្មការ បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយ និងកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) បន្ទាប់ពីការប្រារព្ធពិធីបើកកិច្ចប្រជុំកំពូលសភាលើកដំបូង CLV ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម THONGLOUN Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចមក។
កិច្ចប្រជុំគណៈកម្មការនយោបាយ និងកិច្ចការបរទេស បានបន្តដំណើរការ ក្រោមមូលបទ «ការពង្រឹងតួនាទីសភា CLV នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ សាមគ្គីភាព និងវិបុលភាព» នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្ដម SANYA Praseuth ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ជាសហប្រធានក្នុងកិច្ចប្រជុំ គណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV)។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា គណៈកម្មការកិច្ចការបរទេសទាំងបីប្រទេស គួរចាំបាច់ពួតដៃគ្នាយ៉ាងខ្ជាប់ខ្ជូន សម្រេចឱ្យបាននូវតួនាទីស្នូលក្នុងការជួយគាំទ្រ ជួយសម្រួល និងតភ្ជាប់ប្រទេសទាំងបី ក្រោមកិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមនានា ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបានអនុម័ត ជាពិសេសការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងខេត្តជាប់ព្រំដែន។ ជាងនេះទៅទៀត ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការសម្របសម្រួលចម្រុះកម្ពុជា-ឡាវ-វៀតណាម (CLV Joint – coordinating Committee) បន្តការងារអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ឈានទៅពន្លឿន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅតំបន់ត្រីកោណ ព្រមទាំងការរក្សាទំនាក់ទំនងប្រសើរនៃប្រជាជាតិទាំងបី ដោយឈរលើគោលការណ៍អ្នកជិតខាងល្អ មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការស្អិតរមួត ស្របតាមចក្ខុវិស័យនៃថ្នាក់ដឹកនាំបក្សទាំងបី រដ្ឋាភិបាលទាំងបី និងសភាទាំងបី។
ក្នុងនាមជាអ្នកតាមដានត្រួតពិនិត្យ គណៈកម្មការកិច្ចការបរទេសសភានៃប្រទេសនីមួយៗ ក៏បានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង សភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តនូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA យ៉ាងសកម្ម។ រដ្ឋាភិបាលប្រទេសទាំងបី បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីកសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
អង្គសន្និសីទក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាលើកទិសដៅសំរាប់សកម្មភាពពីរឆ្នាំបន្ទាប់ទៀត។ គ្រប់ភាគីពាក់ព័ន្ធ មានមកពី គណៈកម្មាធិការសម្របសម្រួលរួម នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម សមាជិកសភា តំណាងក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងបី ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍មកពីខេត្តនានា ក្នុងចំណោម ១៣ខេត្តនៃប្រទេសទាំងបី ដែលកម្ពុជាមានចំនួន៤ខេត្ត ឡាវចំនួន៤ខេត្ត និងវៀតណាមចំនួន៥ខេត្ត បានចូលរួមផ្ដល់នូវចំណាប់អារម្មណ៍ មតិយោបល់ បទពិសោធន៍ ជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។
សូមជម្រាបថា «កិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ វៀតណាម លើកទី១» នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាការអនុវត្តកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងបី អនុលោមតាមសេចក្តីថ្លែងការណ៍រួមរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបីរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានសម្រេច «លើកកម្ពស់យន្តការកិច្ចប្រជុំគណៈកម្មាធិការនៃរដ្ឋសភា CLV ទៅកម្រិតកិច្ចប្រជុំកំពូលសភា CLV ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង» ៕