អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីបន្តកិច្ចការងារអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោកបណ្ឌិត Yoshiaki TERUMICHI សាកលវិទ្យាធិការនៃសាកវិទ្យាល័យសូហ្វីយ៉ា ដើម្បីជួបនិងស្គាល់គ្នារវាងអាជ្ញាធរជាតិអប្សរានិងលោកបណ្ឌិតសាកលវិទ្យាធិការ និងបន្តនូវស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងការសហការរវាងគ្នានៃស្ថាប័នទាំងពីរទៅថ្ងៃអនាគត រួមទាំងបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា ជាពិសេសធ្វើយ៉ាងណាជំរុញនូវការបណ្តុះបណ្តាលរបស់អ្នកជំនាញជាតិឱ្យបានច្រើន។
ក្នុងជំនួបនោះដែរ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA ដែលបានខិតខំជួយជ្រោមជ្រែងលើការងារអភិរក្សអង្គរតាំងពីទសវត្សរ៍៨០មក ហើយកិច្ចការទាំងអស់នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានសហការគ្នាបានយ៉ាងល្អប្រសើរ និងបានសម្រេចលើការជួសជុលស្ពានហាលនៃប្រាសាទអង្គរវត្ត បានរួចរាល់ទាំងស្រុង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ ឯកឧត្តម ហង់ ពៅ បានកោតសរសើរ និងសម្តែងការអរគុណជាពន្លឹកចំពោះលោកសាស្រ្តាចារ្យបណ្ឌិត Yoshiaki ISHIZAWA។ បើទោះបីជាលោកមានវ័យចំណាស់យ៉ាងណាក៏ដោយ ក៏ស្មារតីនៃការស្រលាញ់វប្បធម៌ខ្មែរ និងអង្គរមិនថមថយ និងបានឯកភាពរួមគ្នាជាមួយនិងលោកបណ្ឌិតសាកលវិទ្យាធិការបន្តបំពេញនូវកិច្ចការសហការឲ្យកាន់តែល្អប្រសើរថែមទៀត៕