ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំ ប្រកាសក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសការកែសម្រួលសមាសភាពក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គស្នងការរង ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កិច្ចប្រជុំថ្ងៃនេះគឺធ្វើឡើងដើម្បីក្រុមការងារតាមដានការដោះស្រាយសំណូមពរ មតិយោបល់របស់ប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ទំព័រហ្វេសប៊ុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, និងទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ពីសកម្មភាព លទ្ធផលការងារ និងបញ្ហាប្រឈម ដោយបានលើកឡើងថា កន្លងមក ក្រុមការងារបានផ្សព្វផ្សាយការងាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងទំព័រហ្វេសប៊ុក ព្រមទាំងបានដកស្រង់សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិតជ្រាប និងស្នើសុំមតិដឹកនាំដ៏ខ្ពង់ខ្ពស់។
ឯកឧត្តមបានបន្ថែមថា កិច្ចការងារនេះគឺពិតជាមានសារៈសំខាន់ ដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ដើម្បីដោះស្រាយកង្វល់របស់ពលរដ្ឋ កាត់បន្ថយភាពអសកម្មរបស់មន្ត្រី ពន្លឿនការបម្រើសេវាសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកកាន់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងលទ្ធផលការងារដែលសម្រេចបានកន្លងមក ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានជាផ្លែផ្កា ស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលកិច្ចការងារនេះពិតជាមានតម្លៃ និងទទួលបានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិតបានជំរុញឱ្យក្រុមការងារដែលបានកែសម្រួលនេះនឹងបន្តសហការគ្នាបង្កើនការអនុវត្តការងារឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសបន្តសហការដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ហើយពន្លឿននូវការដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែរ។
គួរជម្រាបថា ក្រុមការងារនេះត្រូវបានបង្កើតឡើងចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ និងបានកែសម្រួលសមាសភាពក្រុមការងារចំនួន៤លើករួចមកហើយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារឱ្យកាន់តែទូលំទូលាយ ហើយសម្រាប់ការកែសម្រួលក្រុមការងារចុងក្រោយនេះ មានឯកឧត្តម ជា សុគន្ធា ជារដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី ជាប្រធានក្រុមការងារ៕