រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ លើកទី៥៤ ដោយមានរបៀបវារៈចំនួន១០ យកមកពិនិត្យ និងពិភាក្សា
ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៤។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៥៤ អាណត្តិទី៣ មានរបៀបវារៈចំនួន១០ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣)
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសំណើសុំបង្កើតក្រុងថ្មី ឈ្មោះថាក្រុងកំពង់សោម ដែលបំបែកចេញពីស្រុកព្រៃនប់
៧.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៨.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ
៩.បញ្ហាផ្សេងៗ
១០.ប្រសាសន៍បូកសរុប ៕