ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងការអនុវត្តការងារក្នុងឆ្នាំកន្លងទៅនេះ រដ្ឋបាលខេត្តបានសម្រេចនូវសមិទ្ធផលនានាជាច្រើន ពិសេសពាក់ព័ន្ធនឹងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ហើយលទ្ធផលល្អប្រសើរនេះ កើតឡើងដោយមានកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ ពីកងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុកទាំង៧ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ៕