គណៈបញ្ជាការឯកភាពខេត្ត លើកសរសើរដល់កងកម្លាំងទាំង៣ប្រភេទ រក្សាការពារសណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អក្នុងកម្មវិធីបុណ្យផ្សេងៗ ក្នុងវិច្ឆិកាកន្លងទៅនេះ
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធហត្ថទាំង៣ប្រភេទ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារក្នុងការពារធានារក្សាបានសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ក្នុងកម្មធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្នុងខែវិច្ឆិកាកន្លងមកធ្វើឲ្យដំណើរកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ គ្មានបញ្ហាពីរឿងសន្តិសុខនោះឡើយ ។
ការលើកឡើងនេះ ក្នុងឱកាសដែលលោកង៉ោ ម៉េងជ្រួញ តំណាងឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត តមណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ របស់មន្ទីរអង្គភាពនានា អាជ្ញាធរស្រុក ក្រុង ជាច្រើនរូប ។
ក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នេះមានសេចក្ដីព្រៀងរបៀបវរៈចំនួន៩ ដែលត្រូវលើកយកមកពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុរួមមានរបាយការណ៍ខែប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ អនុម័តសេចក្ដីព្រាងផែនការលទ្ធកម្ម ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នឹងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ ២០២៦ ព្រមទាំងបានអនុម័តលើសេចក្ដីព្រាងតបទៅនឹងការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៥ ២០២៧ ។
បន្ទាប់ពីអស់លោកមន្ត្រីពាក់ព័ន្ធបានឡើងមានមតិបកស្រាយលើបញ្ហាមួយចំនួន ក្នុងអនុវត្តការងាររបស់មន្ទីរអង្គភាពដែលមានបញ្ហាប្រឈមមួយចំនួនបានដោះស្រាយរួចនិងមួយចំនួនទៀតនៅមិនទាន់ដោះស្រាយចេញនោះរួចមក ។
អភិបាលរងខេត្ត លោកង៉ោ ម៉េងជ្រួញ ក៏បានបន្តថា៖ពាក់ព័ន្ធនឹងការងារកសិកម្មរដ្ឋបាលខេត្តមន្ទីរកសិកម្មមន្ទីរពាណិជ្ជកម្មបានយកចិត្តទុកដាក់ប្រឹងប្រែងរកទីផ្សារព្រមទាំងបានសហការសម្របសម្រួលកំណត់តម្លៃហាងឆេងរបស់ស្រូវដែលឈ្មួញក្នុងតម្លៃមួយសមរម្យ រីឯចំពោះការងារសំណង់ ឃើញថាមានសំណង់ប្រមាណជាង ៥០០សំណង់បានកំពុងតែសាងសង់ដោយពុំមានច្បាប់អនុញ្ញាតឲ្យស្ថិតក្នុងក្រុងប៉ោយប៉ែត និងការងារព្រំដែនកម្ពុជាថៃរដ្ឋបាលខេត្ដបានដាក់សំណើទៅក្រសួងមហាផ្ទៃនិងការបើកច្រកចំនួន៣បន្ថែមទៀតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាឡៃ ស្វាយចេកនិងស្រុកថ្មពួក ។
ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានអង្គប្រជុំបានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះរដ្ឋបាលខេត្តមន្ទីរអង្គភាពកងកម្លាំងពាក់ព័ន្ធដែលបានយកចិត្តទុកដាក់បំពេញការងារភារកិច្ចទទួលបាននូវលទ្ធផលល្អប្រសើរ រយៈពេលកន្លងមកនិងសូមបន្តខិតខំបំពេញការងារបន្តទៀត ការងារសាធារណៈនិងការងារការពារសន្តិសុខសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពសុខសាន្ត៕