កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ (Pfizer) ចំនួន ៣០២, ៤០០ដូស តាមរយៈយន្តការ COVAX ដែលជាជំនួយរបស់អាមេរិក
ភ្នំពេញ៖ ដោយទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីរួមជាមួយ លោកស្រី Kerry Pelzman ប្រធានបេសកកម្មនៃអង្គការ USAID និង លោកវេជ្ជបណ្ឌិត Anirban Chattarjee តំណាងអង្គការ UNICEF ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ (Pfizer) ចំនួន ៣០២, ៤០០ដូស តាមរយៈយន្តការ COVAX ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់អង្គការ UNICEF និងអង្គការ USAID ផ្តល់ជាអំណោយវ៉ាក់សាំងកូវីដ-១៩ តាមរយៈយន្តការ COVAX។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការឆ្លើយតប និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត ទទួលបានជោគជ័យនាពេលកន្លងមក ដោយមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលនៅកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងក្នុងកិច្ចពិភាក្សា ទៅលើចំនុចជាអាទិភាពរបស់ក្រសួងសុខាភិបាល ដែលពង្រីកផែនការសកម្មភាពបន្តទៀត ចំពោះជំងឺមិនឆ្លង ក៏ដូចជាសារៈសំខាន់នៃ គម្រោងសម្របសម្រួលសុខភាពតែមួយ (One Health) និងប្រព័ន្ធ Digital Health ជាដើម។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំប្រតិភូទៅទស្សនាស្វែងយល់ពីការរៀបចំស្តុកទុក វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាសម្ភារៈបរិក្ខារនានា ក្នុងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល៕