ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់សម្តេចធិបតី និងលោកជំទាវ ត្រូវបាន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅស្រុកបារាយណ៍
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកបារាយណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកថវិកាបេឡាមរណ សង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថាលោកអនុសេនីយ៍ឯក រឹម សារ៉េន អាយុ៧៣ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៧៩ នៅអង្គភាពយោធាខេត្តកំពង់ចាម។ លោកបានត្រូវរបួសពិការ ពេលដែលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ហើយលោកបានទទួលមរណភាពដោយរោគាពាធ នាពេលកន្លងទៅថ្មីៗនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកអនុសេនីយ៍ឯក រឹម សារ៉េន ជាអតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៃយើង ដើម្បីសម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលាមិនឱ្យលើសពី ៧ថ្ងៃ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងទឹកត្រី ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ ។
ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក រឹម សារ៉េន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានឧបត្ថម្ភប្រាក់បេឡាមរណៈសង្គ្រោះ និងអំណោយគ្រឿងឧបភោគបរិភោគបានទាន់ពេលវេលាក្នុងពិធីបុណ្យសព និងសូមគោរពជូនពរសម្ដេច លោកជំទាវឯកឧត្តម លោក លោកស្រីទាំងអស់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕