ខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន
ភ្នំពេញ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិតីភាព បើកសិក្ខាសាលាស្ដីពីការរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ដល់មន្ត្រី អត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រុមជាតិ ក្នុងការបង្កើនសមត្ថភាព ការងាររបស់មន្ត្រី ក្នុងគោលបំណងបង្កើននូវគុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។
លោក លី សុវណ្ណារិទ្ធ បន្តថា ៖ បច្ចុប្បន្ន ខ្ញុំសូមធ្វើការវាយតម្លៃបានថា ការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ឃុំ សង្កាត់របស់យើង កំពុងតែអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាងមុន ដោយមានការគាំទ្របច្ចេកទេសពីមន្ត្រីជំនាញរបស់ថ្នាក់ ជាតិជាបន្តបន្ទាប់ ពោលគឺបានពីការរួមផ្សំរវាងកត្តាពីរ គឺកត្តាមនុស្ស ដែលមានសមត្ថភាព មានស្មារតីទទួលខុសត្រូវ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងកត្តាសម្ភារ ដែលធានាបានទាំងប្រសិទ្ធភាព ភាពលឿនរហ័សទាន់ចិត្តតាម តម្រូវការ គុណភាព និងសុវត្ថិភាព។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា ៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការងារកត់ត្រា អត្រានុកូលដ្ឋាន ត្រូវ ត្រួតពិនិត្យនូវចំណុចខុសឆ្គង និងធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី មុននឹងចុះហត្ថលេខានៅលើសំបុត្រច្បាប់ដើមនិងនៅលើគល់បញ្ជី នៃសៀវភៅគ្រប់ប្រភេទដែលបានអនុវត្តប្រចាំថ្ងៃ ជាពិសេសត្រូវរៀបចំទុកដាក់ និងថែរក្សាសៀវភៅអត្រានុកូលដ្ឋានដែលបានកត់ត្រារួច ឱ្យបានត្រឹមត្រូវ និងត្រួតពិនិត្យមើលសន្លឹកបញ្ជីនៃសៀវភៅអោយបានល្អ ជៀសវាងរបូត រហែក ឬបាត់បង់ បញ្ជីណាមួយជាដាច់ខាត់។
គួរបញ្ជាក់ផងដែរថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានចាត់តាំងមន្ត្រីចំនួន ០៣រូប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឱ្យចុះទៅ បំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋានដល់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុការងារ អត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ដោយគិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣៕