ឧត្តមសេនីយ៍ឯក ហោ សំអាត ណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ណែនាំក្រុមការងារជំនាញពាក់ព័ន្ធរបស់នាយកដ្ឋាននីមួយៗត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ មានភាពប្រទាក់ក្រឡាគ្នា ហើយបន្តសិក្សាស្រាវជ្រាវកំណត់តួនាទីភារកិច្ចរបស់ការិយាល័យបន្ថែមទៀត ដើម្បីសម្រួចឱ្យឆ្លើយតបទៅនឹងតម្រូវការការងារស្នូលឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងតួនាទីភារកិច្ចការិយាល័យចំណុះនាយកដ្ឋានចំនួន៤ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៣នេះដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តសិក្សាស្រាវជ្រាវកំណត់តួនាទីភារកិច្ចរបស់ការិយាល័យបន្ថែមទៀត ដើម្បីសម្រួចឱ្យឆ្លើយតបទៅនឹងតម្រូវការការងារស្នូលឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពច្បាស់លាស់ ប្រកបដោយគុណភាពទាំងលើការងារបច្ចេកទេស និងលើវិស័យបច្ចេកវិទ្យា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ក្រុមការងារត្រូវពិនិត្យការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ ស្របតាមឯកសារយោង និងមានអំណះអំណាងមូលដ្ឋានច្បាស់លាស់ ហើយក្រុមការងារគួរចូលរួមយោបល់ក្នុងន័យស្ថាបនា រួមគ្នាពិនិត្យ និងកែសម្រួលតួនាទីភារកិច្ចឱ្យមានភាពសុក្រឹត្យ និងចៀងវាងនូវភាពចន្លោះប្រហោងនានា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់សម្រាប់មតិយោបល់ និងធាតុចូលក្នុងការចូលរួមកែសម្រួលសេចក្តីព្រាងតួនាទីភារកិច្ចនេះ ៕