សម្តេចធិបតី៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារនិងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលគេសួរថា តើរវាងប្រាសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល។
សម្តេចមធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីកុំឱ្យតំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម ៕