ឯកឧត្តម សុខ លូ កោតសរសើរសិស្សានុសិស្ស ទោះបីជាមានជីវភាពក្រីក្រ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ
ភ្នំពេញ៖ នៅព្រឹកថ្ងៃថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាត ចំនួន ៩នាក់ មកពី៨ភូមិ ៧ឃុំសង្កាត់ ៤ក្រុងស្រុកនៃខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំប្រសាសន៍កោតសរសើរចំពោះសិស្សានុសិស្ស ទោះបីជាមានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ រហូតប្រឡងបាននិទ្ទេស (A)។
ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។
បើតាមលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៩៣៥១នាក់ ស្រី៥១៣៧នាក់ ប្រឡងជាប់៦,១៥៣នាក់ស្រី៣,៦៤១នាក់(៦៧.១៣%)ក្នុងប្រឡងជាប់និទ្ទេសA ចំនួន៧៧នាក់ ស្រី៤៤នាក់, និទ្ទេសB ចំនួន៣៥៤នាក់ស្រី២២៣នាក់,និទ្ទេសCចំនួន ១០៥៩នាក់ ស្រី៦៨០នាក់, និទ្ទេសD ចំនួន ២,០៩០នាក់ស្រី១,៣០២នាក់,និងនិទ្ទេសE ចំនួន២,៥៧៨នាក់ ស្រី១,៣៩២នាក់។
អំណោយមនុស្សធម៌ដែលសាខាផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ កុំព្យូទ័យូដៃ១គ្រឿង,អង្ករ ១០០ គីឡូក្រាម,មី ៥ កេស,ទឹកត្រី ៥ យួរ,ទឹកត្រី៥ យួរ,ត្រីខ ៥យួរ,ឃីត (មុង ,ភួយ,ក្រមា ) និងថវិកាមួយចំនួនផងដែរ ក្នុងនោះឯកឧត្តមក៏បានឱ្យក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា រៀបចំកសាងផ្ទះមួយខ្នង ជូនដល់ក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារនៃសិស្សនិទ្ទេសA ដែលមានជីវភាពលំបាកជាងគេ៕