ក្រសួងការងារ ចេញយុទ្ធនាការគោះទ្វាតាមខ្នងផ្ទះទ្រង់ទ្រាយធំទូទាំងប្រទេសដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រចូលរៀនជំនាញ
ភ្នំពេញ៖ ក្នុងរយៈពេល៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយតាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេសដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹងពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួមមានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេសដើម្បីជំរុញការផ្តល់ព័ត៌មាននិងជំរុញការចុះឈ្មោះនៅនឹងកន្លែងតតែម្តង។
សូមបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រចុះផ្សព្វផ្សាយនេះគឺធ្វើឡើងក្រោយការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានគូសបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាពិសេសនោះដើម្បីជាយន្តការជួយជំរុញឱ្យយុវជនគោលដៅចូលមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះឱ្យបានច្រើន តាមរយៈក្រុមការងារចូលទៅគោះទ្វាដល់ផ្ទះរបស់ពួកគេផ្ទាល់ផងដែរ។
បើតាមការសង្កេតផ្ទាល់ ទោះបីថ្ងៃចុងសប្តាហ៍ក៏ដោយ ក្រុមការងារនៅតែបន្តចុះផ្សព្វផ្សាយនិងចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានធ្វើយុទ្ធការចុះផ្សព្វផ្សាយស្តីការចុះឈ្មោះចូលរៀនសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅតាមមូលដ្ឋាននានា ព្រមទាំងផ្តល់ព័ត៌មាន ទទួលសិស្សចុះឈ្មោះចូលរៀនផងដែរ។ យ៉ាងណាក៏ដោយ គិតមដល់ពេលនេះ អ្នកចុះឈ្មោះចូលរៀនមានប្រមាណជិត១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីប្រភពដែលស្និទ្ធនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕