ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក្រោមគម្រោងជំនួយអភិវឌ្ឍន៍ឥតសំណងរបស់សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើទស្សនកិច្ចសិក្សានៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (Educational Broadcasting Cambodia – EBC)។
កម្មវិធីទស្សនកិច្ចសិក្សានេះមានគោលបំណងបង្ហាញអំពីការផលិតមាតិកាឌីជីថល ការធ្វើឌីជីថលនីយកម្មមេរៀន ការរៀបចំថ្នាលអប់រំឌីជីថល ការតម្លើងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនានា ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍និងចំណេះដឹងលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល ៕