នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិក្សាការងារជាមួយ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិលើកទី៧ នៅទីក្រុងអាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ចន ព្យែរ ឡា ក្រស (Jojn Pierre Lacroix) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួល
បន្ទុកផ្នែករក្សាសន្តិភាព ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែង អំណរគុណចំពោះអង្គការសហប្រជាជាតិដែលបាន គាំទ្រចំពោះ កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង អនុញាតឱ្យកម្ពុជាបន្តបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្តម ចន ព្យែរ ឡា ក្រស និង សហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិដែលនៅតែបន្តគាំទ្រដល់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ចន ព្យែរ ឡា ក្រស បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី៧ នៅទីក្រុងអាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) នាពេលនេះ និងថ្លែងអំណរគុណ ការបរិច្ចាគដ៏ធំធេងពីសំណាក់ យុទ្ធជន យុទ្ធនារីកម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព ដែលការបរិច្ចាគកម្លាំងនេះមានសារសំខាន់ណាស់ ដែលកងកម្លាំងរបស់កម្ពុជាបានចូលរួមក្នុងបេសកកម្មពេលខ្លះប្រឈមនឹងហានិភ័យខ្ពស់ និងមានភាពស្មុគស្មាញ។
ឯកឧត្តម បញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តការសហការគាំទ្រដល់ការចូលរួមរបស់កម្ពុជាបន្តទៀត ក្នុងនោះ ឯកឧត្តម បានចាត់ទុកការប្តេជ្ញាចិត្តរបស់កម្ពុជាដែលបានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី៧ គឺមានសារៈសំខាន់ណាស់ ដែលកម្ពុជា បានបញ្ចូលកងកម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេច គឺមានកងកំទេចគ្រឿងផ្ទុះ បោសំអាតមីន គឺជាសមត្ថភាពដ៏សំខាន់ក្នុងតំបន់បេសកកម្ម ដែលកម្ពុជាមានសមត្ថភាពខ្ពស់ និងជំនាញក្នុងការបន្សាបឧបករណ៍គ្រឿងផ្ទុះកែច្នៃផង និងការបោសំអាតមីនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ចាក់ពីការបន្តបេ្តជ្ញា របស់កម្ពុជាក្នុងបញ្ចូលកម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេច ដែលមាន៖១កងវិស្វកម្មព្រលានយន្តហោះ -១ កងកំទេចគ្រាប់មិនទាន់ផ្ទុះ បោសសំអាតមីន- ១ កងអាវុធហត្ថ និង ១ កងស្ពានលើគោក និងបណ្តែតទឹកដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលមានសំណូមពរពីអង្គការសហប្រជាជាតិ ៕