ប្រមុខការពារជាតិកម្ពុជា ជួបពិក្សាការងារជាមួយ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកគាំទ្រលើទីលាន
ភ្នំពេញ៖ ក្នុងជំនួបជាមួយ ឯកឧត្ដម Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកគាំទ្រលើទីលាននៅទីក្រុងអាក្រា
(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ តាមការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណ ឯកឧត្តម Atul Khare ដែលបានផ្តល់ការគាំទ្រដល់គម្រោងហ្វឹកហ្វឺនត្រីភាគីនៅកម្ពុជា និងថ្លែងអំណរគុណដែល ឯកឧត្តម បានថ្លែងជាសារវីដេអូក្នុងកម្មវិធីបិទវគ្គ។
ឯកឧត្តម សង្ឃឹមថា គម្រោងត្រីភាគីដែលនឹងមានការចូលរួមពី សិក្ខាកាមមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤/ ២០២៥ នៅកម្ពុជា ឯកឧត្តម នឹងបានចូលរួមដោយផ្ទាល់ និងដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជាដែលមានការអភិវឌ្ឍលើ គ្រប់វិស័យក្រោមម្លប់សន្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើដល់ឯកឧត្ដមអគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកគាំទ្រលើទីលានឱ្យបង្កើនការចូលរួមពីសំណាក់នារីឱ្យដល់ ២០% ទាំង ក្នុងកង និងនៅទីបញ្ជាការ អង្គការសហប្រជាជាតិ ជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ។
ឯកឧត្ដម Atul Khare បានលើកឡើងអំពីបេសកកម្មរក្សាសន្តិភាពរបស់កងទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលី ដោយ ឯកឧត្ដម បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានបរិច្ចាគកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ជាពិសេសជំនាញកំទេចគ្រាប់មិនទាន់ផ្ទុះដែលជាជំនាញមួយចាំបាច់នៅម៉ាលីតែម្តង ប៉ុន្តែដោយសារបេសកកម្មនៅម៉ាលី ត្រូវបានបញ្ចប់ ឯកឧត្តម បានសម្តែងនូវក្តីសោមនស្សរីករាយដែលកងកម្លាំងកម្ពុជាបានដកចេញប្រកបដោយ សុខសុវត្ថិភាព។
ឯកឧត្ដម Atul Khare បានសម្តែងការអបអរសាទរដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីឆ្នាំ ២០២២ កន្លងទៅ។ក្នុងន័យនេះឯកឧត្តម បានស្នើសុំអោយមានការគាំទ្រពីបណ្តាប្រទេសនៅក្នុងសហគមន៍ អាស៊ានឱ្យបន្តបរិចា្ចគ និងគាំទ្រដល់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិជាបន្តទៀត ។