ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ មានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងដើម្បីឲ្យសិក្ខាកាមបានយល់ដឹងអំពីការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវិធី និងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀនកាន់តែច្បាស់ ក្នុងការអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមអគ្គស្នងការរងបានបន្តថា ជាការពិតណាស់ទោះបីប្រទេសជាតិ ស្ថិតក្នុងអំឡុងពេលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច និងសង្គ្រាម ក៏ការទប់ស្កាត់លំហូរចូលគ្រឿងញៀនពីតំបន់ត្រីកោណមាស នៅតែជាបញ្ហាប្រឈម អាស្រ័យដោយនិន្នាការនៃការផលិត ការចរាចរជួញដូរគ្រឿងញៀននៅលើពិភពលោក ពុំមានការថមថយ ដែលជាហេតុតម្រូវអោយការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនរបស់យើងត្រូវតែមានភាពសកម្មជាប់ជានិច្ច ដោយកន្លងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ក្នុងនោះមានករណីនាំចូលនូវសារធាតុគីមីស្របច្បាប់ និងខុសច្បាប់ ចូលមកប្រទេសកម្ពុជា ហើយបានលួចលាក់បង្វែរយកសារធាតុគីមីមួយចំនួនទៅកែច្នៃផលិតសារធាតុញៀនផងដែរ។ ដូច្នេះហើយ គ្រូឧទ្ទេសនាម ឬគណៈចាត់តាំងរៀបចំវគ្គបណ្តុះបណ្តាលនេះ ត្រូវរៀបចំមេរៀនតាមក្បួនច្បាប់ និងលើកយកបទពិសោធន៍ល្អៗ ដែលទទួលបានពីការបង្ក្រាបករណីធំៗជាក់ស្តែង និងបទពិសោធន៍ពីការចូលរួមវគ្គបណ្តុះបណ្តាល/សិក្ខាសាលាពីបណ្តាប្រទេសនានា និងអង្គការអន្តរជាតិ ដើម្បីចែករំលែកដល់សិក្ខាកាមក្នុងវគ្គនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ចំនួន៤ចំណុច៖
ទី១៖ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជា និងគោលការណ៍ណែនាំនានារបស់វគ្គបណ្តុះបណ្តាល ជាពិសេសត្រូវមានឥរិយាបថល្អ សេចក្ដីថ្លៃថ្នូរ ស័ក្កិសមជាកងកម្លាំងឯកភាព សំដៅលើកកម្ពស់កិត្តិយសនិងកិត្យានុភាពកងកម្លាំងនគរបាលជាតិ។
ទី២៖ សូមយកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់នូវមុខវិជ្ជា ដែលក្រុមគ្រូបង្វឹកបានបង្ហាត់បង្រៀនទៅតាមកម្មវិធីដែលបានគ្រោងទុក ដើម្បីបង្កើនសមត្ថភាព និងបំពេញតួនាទី ភារកិច្ច ប្រកបដោយវិជ្ជាជីវៈ។
ទី៣៖ សូមប្រកាន់ខ្ជាប់នូវទិសស្លោក «៣កុំ ១រាយការណ៍»។
ទី៤៖ ពេលបានទទួលចំណេះដឹង ត្រូវចេះចែករំលែកដល់ក្រុមរបស់ខ្លួន និងធ្វើខ្លួនជា មនុស្សចេះចែករំលែក ដើម្បីឲ្យខ្លួនយើង ក្រុមយើង ការិយាល័យយើង និងអង្គភាពយើង។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សង្ឃឹមនិងជឿជាក់ថា វគ្គបណ្តុះបណ្តាលចំនួន៥ថ្ងៃនេះ នឹងធ្វើអោយ សិក្ខាកាមទាំងអស់ យល់ច្បាស់ពីប្រភេទផ្លូវចរាចរ និងលំហូរចូលនៃគ្រឿងញៀនមកប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ ដោយចូលរួមយ៉ាងសកម្ម ក្នុងការសួរសំណួរ និងឆ្លើយសំណួររបស់គ្រូបង្គោលទាំងមេរៀនក្នុងថ្នាក់និងលំហាត់អនុវត្ត ជាពិសេសព្យាយាមរៀនសូត្រស្វែងយល់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងទាំងនេះ ទៅបម្រើការងារនៅអង្គភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានក្រមសីលធម៌ វិជ្ជាជីវៈជាកងកម្លាំង។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលបំប៉ន ជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀនសម្អាតប្រាក់ នីតិវីធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចំនួន៦៨នាក់ ស្រី៨នាក់៕