សម្តេចធិបតី៖ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានបន្តពូនជ្រំក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក៏នៅបន្តអនុវត្តគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសង្គតិភាព និងនិរន្តរភាព ហើយតាមរយៈគោលនយោបាយដែលបានដាក់ចេញនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានបន្តពូនជ្រំក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ព្រមជាមួយនឹងការពង្រឹងពង្រីកលើផ្នែកសក្តានុពលថ្មីៗបន្ថែមទៀត ផងដែរ។
នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ង្វៀន ហ៊្វូចុង ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៩ កន្លងទៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ផងដែរ ព្រមជាមួយនឹងការអំណរគុណចំពោះការអបអរសាទររបស់ ឯកឧត្តម ង្វៀន ហ៊្វូចុង ក្នុងឱកាសដែលអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ដោយឡែក សម្តេចធិបតី ក៏បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវការជាច្រើនលើកមកកាន់ប្រទេសវៀតណាម នៅពេលដែល សម្តេចធិបតី កាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ៕