ក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាព គម្រោងការពារច្រាំងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារគណៈកម្មាធិការលទ្ធកម្ម(គល) និងអង្គភាពលទ្ធកម្ម (អល) នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យវាយតម្លៃ បញ្ចប់សុពលភាព(ក្រោយធានាគុណភាពរយៈពេល ៦ខែ) នៃគម្រោងការពារច្រាំងទន្លេ ចំនួន៥ ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ការចុះពិនិត្យវាយតម្លៃការងារនាឱកាសនោះ ក៏មានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំផងដែរ ដោយបានចុះពិនិត្យវាយតម្លៃការងារគម្រោងទាំង៥ ទីតាំងដូចខាងក្រោម៖
១) គម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១ ៣០០ម៉ែត្រ ស្ថិតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដោយរៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
២) គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៨០០ ម៉ែត្រ ស្ថិតនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល (ជំហានទី២) ដោយរៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
៣) គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២៧០ម៉ែត្រ ស្ថិតនៅភូមិរកាធំ ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយរៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
៤) គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ៨៥០ម៉ែត្រ ស្ថិតនៅភូមិក្រូចឆ្មារ១ និងភូមិក្រូចឆ្មារ៣ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយរៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
៥) គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ១ ៤៩០ម៉ែត្រ ស្ថិតនៅភូមិ៣ ភូមិ៤ និងភូមិ៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយរៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ។
បន្ទាប់ពីការពិនិត្យការងារជាក់ស្តែង ក្រុមការងារបានបញ្ជាក់ថា គម្រោងទាំង ៥ទីតាំងខាងលើ គឺអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេស និងធានាគុណភាពបានល្អ៕