នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបពិភាក្សាការងារជាមួយ ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោកសិង្ហបុរី
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។
សូមបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងយល់រវាងគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន និយាយជារួម និងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី និយាយដោយឡែក ស្របតាមគោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នារវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ (24th ACAMM) នៅហួរហ៊ីន ព្រះរាជាណាចក្រថៃ។
កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) គឺជាការផ្លាស់ប្តូរលើកទី១ រវាងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី ៕