កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហការលើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម ឈានទៅជំរុញកំណើនពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ឆ្លៀតក្នុងឱកាសអមដំណើរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាការងារ រឹតចំណងសាមគ្គីភាព និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងវៀតណាម។
នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសម្រួលពាណិជ្ជកម្មដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងការឈានទៅការជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការបច្ចេកទេសលើផលិតកម្មក្នុងវិស័យឧស្សាហកម្មកែច្នៃជាដើម។
ជាចុងបញ្ចប់ ភាគីទាំងពីរបានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងបីពិនិត្យលទ្ធភាពសិក្សាលើទម្រង់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីអាចមានលទ្ធភាពក្នុងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលស្ថិតក្រោមដែនសមត្ថិកិច្ចរបស់ក្រសួងទាំងបី។
ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង ឧស្សាហកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ ៕