ឯកឧត្តម ផូ ផារិទ្ធ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២គម្រោង ក្នុងខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២ គម្រោង ដូចខាងក្រោម៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ៤.១០០ម៉ែត្រ ទទឹង ០៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ០១ កន្លែង លូមូលមុខមួយចំនួន ១១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ មាន ៣កំណាត់ ប្រវែងសរុប ៤.១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខ២ចំនួន ០៤កន្លែង ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
គម្រោងទាំង២ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាលទ្ធផលបន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សា គណៈកម្មាធិការអន្តរក្រសួងបានសម្រេចប្រគល់ ទទួលផ្លូវទាំង ០២គម្រោងខាងលើ ១០០% ៕