ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ តំណាងក្រសួងសេដ្ឋកិច្ច លើកការងារបែបបទ និងនីតិវិធីក្នុងការផ្ដល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ នីតិវិធី និងបែបបទក្នុងការផ្ដល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានលិខិតឆ្លងដែន លោកអនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានស្វាគមន៍ដល់ក្រុមការងារបច្ចេកទេស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំនៅព្រឹកនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា ការងារនេះជាការងារបន្ទាន់ទាក់ទងនឹងការផ្ដល់លិខិតឆ្លងដែន ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលត្រូវចាត់បញ្ជនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញដើម្បីចុះទៅធ្វើនីតិវិធី និងបែបបទក្នុងការផ្ដល់លិខិតឆ្លងដែន។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជានាយកដ្ឋានលិខិតឆ្លងដែន បានត្រៀមខ្លួន ក៏ដូចជាសម្ភារៈបច្ចេកទេសរួចជាស្រេចលើការងារនេះ ដោយផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕