រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងបណ្ឌិត កៅ ថាច រំលេចពីសមិទ្ធផលហិរញ្ញវត្ថុ រយៈពេល២៥ឆ្នាំ របស់ធនាគារ ARDB
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារ ARDB នៅសណ្ឋាគារហ្គាឌិន ស៊ីធី ភ្នំពេញ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះទាំងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ARDB បានរំលេចនូវសមិទ្ធផលហិរញ្ញវត្ថុសំខាន់ៗ ក្នុងរយៈពេល ២៥ឆ្នាំ របស់ធនាគារពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០២៣។
បណ្ឌិត កៅ ថាច បានសង្ខេបនូវសមិទ្ធផលធំៗ ២៥ឆ្នាំ ពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០២៣ របស់ធនាគារ ARDB ដូចតទៅ៖
១៖ មូលនិធិភាគទុនិក របស់ធនាគារបានចាប់ផ្តើមពី ២.៥លាន ដុល្លារនៅឆ្នាំ១៩៩៨ និងបានកើនទៅដល់ប្រមាណជា ១៧០លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២២% ក្នុងមួយឆ្នាំ។
២៖ សំពៀតឥណទាន បានចាប់ផ្តើមពី ០.៥២លានដុល្លារ នៅឆ្នាំ១៩៩៨ និងបាន កើនទៅដល់ប្រមាណជា ៤២៣ លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៨% ក្នុងមួយឆ្នាំ
៣៖ ទ្រព្យសកម្មសរុបបានចាប់ផ្តើមពី ២.៥ លានដុល្លារ នៅឆ្នាំ១៩៩៨ និងបានកើនដល់ប្រមាណជា ៤៦០លាន ដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២៣% ក្នុងមួយឆ្នាំ។
បណ្ឌិត កៅ ថាច បានកត់សម្គាល់ផងដែរថា ការកើនឡើងនូវសំពៀតឥណទានរបស់ធនាគារ ARDB ជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះ តាមរយៈគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល រួមមាន៖
ទី១៖ មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីអនុវត្តគោលនយោបាយស្តីពី ការជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករ ស្របតាមទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសនាំចេញ «មាស ស (អង្ករ)»។
មូលនិធិនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានធនាគារ ARDB ជាប្រតិបត្តិករអនុវត្ត ដើម្បីគាំទ្រដល់វិស័យឯកជន ជាពិសេស SMEs សមាគម សហគមន៍ ឬក្រុមហ៊ុន លើគោលដៅអាទិភាព មួយចំនួនរួមមាន៖ ធានាស្ថិរភាពថ្លៃ និងសន្តិសុខស្បៀង, ពង្រឹងសមត្ថភាពឃ្លាំងស្តុកស្រូវ ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកែច្នៃទំនើប, អភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, និងគាំទ្រដល់ SMEs ក្នុងវិស័យកសិកម្ម។ ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រ ពេញទំហឹងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី មូលនិធិនេះត្រូវបាន ច្របាច់បញ្ចូល និងចុះបញ្ជីជាមូលធនភាគហ៊ុនិករបស់ ARDB។
ទី២៖ គម្រោងហិរញ្ញប្បទានពិសេសគាំទ្រវិស័យស្រូវ-អង្ករ ជាពិសេសគាំទ្រដល់ហេដ្ឋារចនា- សម្ព័ន្ធពាក់ព័ន្ធនឹងស្រូវអង្ករ ក្នុងការកសាងតាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង» ដើម្បីដោះស្រាយបញ្ហាកង្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ សម្រាប់ការ វិនិយោគលើគម្រោងឃ្លាំងស្តុក និងឡសម្ងួតស្រូវ ដែលនៅជុំវិញទីតាំងដែលបានសាងសង់នៅតំបន់ខេត្ត បាត់ដំបង តំបន់ខេត្តកំពង់ធំ តំបន់ខេត្តព្រៃវែង និងតំបន់ខេត្តកំពង់ស្តឺ និងគម្រោងហិរញ្ញប្បទាន ជាទុនបង្វិលសម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ហើយហេដ្ឋារចនាសម្ព័ន្ធជាឃ្លំាងស្តុកស្រូវ និង ឡសម្ងួតនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែក គាំទ្រដល់ការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ទី៣៖ គម្រោងហិរញ្ញប្បទានអន្តរាគមន៍ពិសេស សម្រាប់ផ្តល់ឥណទានគាំទ្រដល់ SMEs ក្នុងវិស័យកសិកម្ម រួមមាន ការដាំដុះបន្លែ-ផ្លែឈើ ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ជាដើម ដើម្បីគាំទ្រការពង្រីកអាជីវកម្មរបស់ SMEs និងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មដែលរួមចំណែកបង្កើតការងារ និងពង្រីកមូលដ្ឋាន ផលិតក្នុងស្រុក ក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។
ជាងនេះទៅទៀត ធនាគារ ARDB បានចូលរួមអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍រួមមាន៖ គម្រោងកៅស៊ូគ្រួសារ (AFD Fund), គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច-AIMS (IFAD Fund), គម្រោងការប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងលើកកម្ពស់សុវត្ថិភាពកសិកម្ម-ACSEP (ADB Fund), គម្រោងពិពិធកម្មកសិកម្មកម្ពុជា-CASDP (World Bank Fund) ជាដើម។
លោកបន្ដថា ដោយទទួលបានការគាំទ្រជាប្រចាំពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ធនាគារ ARDB បានពង្រឹង និងពង្រីកវិសាលភាពនៃការផ្តល់សេវាធនាគារជាបន្តបន្ទាប់ រួមមាន៖
* ការសាងសង់ទីស្នាក់ការកណ្តាលថ្មី, ការបើកដំណើរការសាខាធនាគារ ARDB នៅខេត្តបាត់ដំបង និងការពង្រីកបណ្តាញប្រតិបត្តិការការិយាល័យចល័តរហូតដល់ ១៤ ការិយាល័យ នៅតាមបណ្តាខេត្ត សក្តា-នុពល ដើម្បីផ្តល់សេវាធនាគារឱ្យកាន់តែទូលំទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជនគោលដៅ ដូចជា ការផ្តល់ឥណទាន,ការធ្វើប្រតិបត្តិការដក-ដាក់ប្រាក់បញ្ញើ, ការធ្វើប្រតិបត្តិការផ្ទេរបា្រក់, ការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត ជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ក្នុងគោលដៅពង្រីកប្រតិបត្តិការធនាគារតាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល, ធនាគារ ARDB បានចូលជាសមាជិកប្រព័ន្ធបាគង និងសមាជិក CamDX ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន និងទិន្នន័យផ្សេងទៀត ដែលអតិថិជននឹងអាចបើកគណនីតាមប្រព័ន្ធអនឡាញជាមួយធនាគារ ARDB បាន។
ជារួម សមិទ្ធផល២៥ឆ្នាំនេះ កើតចេញពីការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជា ស្មារតីខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ក៏ដូចជាមានការចូលរួម សហការល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចផងដែរ។
បណ្ឌិត កៅ ថាច បានបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ក៏មិនអាចផ្តាច់ចេញពីការឧបត្ថមគាំទ្រយ៉ាងពេញទំហឹងពី លោកបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងមហិរញ្ញាវត្ថុ និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដែលជា «វចនានុក្រមសមោធានរស់» បានផ្តល់ជាពន្លឺប្រាជ្ញាដល់ថ្នាក់ដឹកនាំធនាគារអនុវត្តភារកិច្ចរបស់ខ្លួនជាប្រចាំ ក៏ដូចជាអតីតប្រធាន អគ្គនាយក ប្រធានអគ្គនាយកស្តីទី អតីតថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទទាំងអស់ផងដែរ។
ថ្លែងក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា គិតមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន និងកំពុងបន្តកសាងនូវសមិទ្ធផលជាច្រើន ដោយចាប់ផ្តើមពីការបំពេញតួនាទីដំបូងជាធនាគារបោះដុំ ហើយត្រូវបានប្រែក្លាយជាធនាគារពាណិជ្ជ នៅឆ្នាំ ២០១៩ ដើម្បីបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរំលេចសមិទ្ធផលសំខាន់ៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមអនុវត្ត គោលនយោបាយ និង កម្មវិធីពិសេស របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖
១៖ បានបង្កើតនូវ «មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម» ដើម្បីពង្រីកសមត្ថភាពឃ្លាំងស្តុក, ឡសម្ងួត និងម៉ាស៊ីនកិន និងកែច្នៃស្រូវ-អង្ករ ក្នុងគោលដៅធានាស្ថិរភាពថ្លៃស្រូវ-អង្ករ និង សន្តិសុខស្បៀង, ដែលមានទឹកប្រាក់ ប្រមាណ ៣៦លានដុល្លារ
២៖ បានផ្តល់ទុនសម្រាប់សាងសង់ឃ្លាំងស្តុក និង ឡសម្ងួតស្រូវ ដែលមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារ នៅក្នុងខេត្តបាត់ដំបង, កំពង់ធំ, កំពង់ស្ពឺ និង ព្រៃវែង និងបានផ្តល់ហិរញ្ញប្បទានអន្តរាគមន៍ពិសេសជាទុនបង្វិល ដែលមានទឹកប្រាក់ប្រមាណ៩០ លានដុល្លារ សម្រាប់ប្រមូលទិញស្រូវពីកសិករ ដើម្បីធានាស្ថិរភាព និងរក្សាលំនឹងថ្លៃស្រូវ របស់ប្រជាកសិករ
៣៖ បានផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្សេងទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម, ដែលមានទឹកប្រាក់ប្រមាណ ៦៧.៥លានដុល្លារ, ដោយមានកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្នុងអត្រាការប្រាក់សម្បទាន ទោះបីជាអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ និងអត្រាការប្រាក់ក្នុងស្រុក បានកើនឡើងយ៉ាងណាក្តី
៤៖ បានអនុវត្តកញ្ចប់វិធានការអន្តរាគមន៍ពិសេស ក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣» ដែលមានទឹកប្រាក់ប្រមាណ ១៧៨លានដុល្លារ៕