ក្រសួងមហាផ្ទៃ ប្រកាសនឹងដាក់ឱ្យប្រើប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរ
ភ្នំពេញ៖ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែរបទនានា។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញ បែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា «អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលខាងលើនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodia e-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤»។
ក្រសួង បន្ថែមថា ក្នុងដំណាក់កាលអនុវត្តសាកល្បងនេះ អ្នកដំណើរអាចមានជម្រើសក្នុងការបំពេញព័ត៌មាន តាមទម្រង់ ជាអេឡិចត្រូនិក ឬ បំពេញ បំពេញព័ត៌មានក្នុងសលាកបត្រអន្តោប្រវេសន៍ ប្រកាស់ព័ត៌មានគយ និងសុខាភិបាល តាមទម្រង់ជាក្រដាសក៏បាន។
សូមបញ្ជាក់ថា ការអនុវត្តជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយតម្រូវឱ្យអ្នកដំណើរ ទាំងអស់ត្រូវតែបំពេញព័ត៌មាននៅក្នុងទម្រង់អេឡិចត្រូនិក ដូចបានកំណត់ខាងលើ៕