គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ បើកសិក្ខាសាលាលើកដំបូង
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ បើកសិក្ខាសាលាលើកដំបូងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុបប្រមាណ២០០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គ.ស.ព.ស បានគូសបញ្ជាក់ថា ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា សម្រាប់ការងារព័ត៌មាន និងសាធារណមតិ គឺយើងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ពោលគឺដើរឱ្យទាន់បច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល បូករួមនឹងភាពជឿនលឿនកាន់តែខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI Technology) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្ស ប៉ុន្តែ វាក៏បានបង្កបញ្ហាដ៏ធំនៅក្នុងសង្គមផងដែរ មិនថាតែនៅក្នុងប្រទេសរបស់យើង ឬនៅក្នុងបណ្តាប្រទេសផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិក ឬអឺរ៉ុបនោះទេ។ ដូច្នេះ វាទាមទារឱ្យយើងត្រូវបង្កើនការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានមានប្រសាសន៍ឱ្យដឹងផងដែរថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ.ស.ព.ស. ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការ ដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារនៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធិភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយសម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ជាក់ស្តែងណាស់ផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង និងក្រុមគ្រួសាររបស់យើង និងផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយរបស់យើង គឺសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងត្រូវពឹងផ្អែកលើស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ដើម្បីសុខុមាលភាព និងវិបុលភាពដ៏រុងរឿង»។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានគូសរំលេចទៀតថា វាចាំបាច់ណាស់ដែលត្រូវបង្កើតច្រកចេញចូលមួយក្នុងកិច្ចសហការលើការងារព័ត៌មាននិងសាធារណមតិ រវាង គ.ស.ព.ស ជាមួយក្រសួង-ស្ថាប័ន រាជធានីខេត្ត ប្រមូលកម្លាំងសរុប ដើម្បីសម្រេចគោលដៅរួម ដោយអនុវត្តតាម។
ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃ គ.ស.ព.ស បានមានប្រសាសន៍ជំរុញឱ្យអង្គសិក្ខាកាមទាំងមូល ត្រូវពង្រឹងយន្តការងារព័ត៌មាននិងសាធារណមតិ តាមយុទ្ធសាស្ត្រ ប្រមូលកម្លាំងសរុប មធ្យាបាយសរុប ក្នុងនាមជារាជរដ្ឋាភិបាលតែមួយ ដែលជាសេនាធិការរបស់រដ្ឋាភិបាលដូចគ្នា គឺក្រុមតែមួយគោលដៅតែមួយ ដោយប្រើសំឡេងតែមួយ ភាសាតែមួយ ដើម្បីសម្រេចកិច្ចការរួមគ្នា។
បន្ថែមពីលើការធ្វើបទបង្ហាញនូវរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់ គសពស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវខិតខំស្រាវជ្រាវ ប្រមូលចងក្រងព័ត៌មានដែលពាក់ព័ន្ធនឹងក្រសួងស្ថាប័ន រាជធានីខេត្ត ដោយបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែកលើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ក្រសួងស្ថាប័នរៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. ក៏បានលើកឡើងផងដែរអំពីតួនាទីនិងភារកិច្ចមួយចំនួនរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហើយឯកឧត្តម ក៏បានសំណូមពរឱ្យក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អបំផុតទើបការងារមានប្រសិទ្ធភាព។
លើសពីនេះ ឯកឧត្តម ក៏បានស្នើដល់គ្រប់តួអង្គពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ទៅលើការងារប្រតិកម្មឆ្លើយតបឱ្យបានទាន់ពេលវេលា និងការងារបុរេសកម្ម ពោលគឺត្រូវព្យាករណ៍ទុកជាមុននូវហេតុការណ៍ណាដែលអាចនឹងកើតឡើងនៅពេលខាងមុខ និងសុំកិច្ចសហការពីក្រុមអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចែករំលែកនូវព័ត៌មានដែលមានប្រយោជន៍ ដើម្បីបម្រើសាធារណជន ធ្វើការផ្សព្វផ្សាយនិងឆ្លើយតបទាន់ពេលវេលា។
គួរបញ្ជាក់ថា សិក្ខាសាលាដែលមានរយៈពេលពេញ១ថ្ងៃ បានប្រព្រឹត្តទៅក្នុងភាពស្និទ្ធស្នាល។ វាគ្មិនទាំងអស់ ក៏បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងការងារព័ត៌មាននិងសាធារណមតិ និងចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនជូនសិក្ខាកាមនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត យកទៅពង្រឹងក្រុមការងាររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការអនុវត្តភារកិច្ចជាក់ស្តែងឱ្យសម្រេចបាននូវជោគជ័យ និងមានប្រសិទ្ធភាព។
សិក្ខាសាលាបានបិទបញ្ចប់ក្រោមអធិបតី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃ គសពស។ ឯកឧត្តម នេត្រ ភក្ត្រា តំណាងឱ្យថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់សម្រាប់បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រូវតែខិតខំពង្រឹងនូវយន្តការដ៏សំខាន់នេះ ដែលជាកម្លាំងរួមសម្រាប់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា៕