សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ គណបក្សនយោបាយគឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកសុខសន្តិភាពជូនពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានមានប្រសាសន៍ថា ក្នុងស្ថានការណ៍ពិភពលោក ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ មានហានិភ័យខ្ពស់ពីការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយធ្វើឱ្យផ្ទុះឡើងនូវជម្លោះ និងសង្រ្គាម ព្រមទំាងការគំរាមកំហែងផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណីដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺឆ្លង និងឧក្រិដ្ឋកម្មតាមអុីនធឺណិត ជាដើមនោះ ទាមទារឱ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ គ្រប់រូបភាព ជាការចំាបាច់នៅក្នុងការកសាង ធានាឱ្យបានសុខសន្តិភាព ជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា គណបក្សនយោបាយគឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ។ សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មរបស់ ICAPP ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងតួនាទីគណបក្សនយោបាយ ក្នុងការនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងឱកាសរៀបចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា។ ពិធីលៀងសាយភោជន៍នេះ ប្រារព្ធធ្វើនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
ICAPP បានបង្កើតនៅឆ្នាំ២០០០ មានគណបក្សនយោបាយ៣៥០ មកពី៥២ប្រទេសចូលរួម។ ឯកឧត្តម ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការជំរុញចក្ខុវិស័យ របស់ ICAPP ឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ ឯកឧត្តមបានចូលរួមអបអរសាទរសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់កម្ពុជា ដែលមានភាពសេរី និងយុត្តិធម៌ និងបានផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យពី សម្តេចតេជោ ហ៊ុន សែន ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី ប្រកបដោយសន្តិភាព បង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនិងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ជុង អ៊ីយ៉ុង បានសម្តែងមោទកភាពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាអនុធ្រាន ICAPP ផងនោះ ទទួលតួនានីដ៏សំខាន់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ ការទទួលបានតួនាទីប្រធានរដ្ឋសភា របស់សម្តេចរដ្ឋសភាធិបតី ជាមោទកភាពរបស់ ICAPP ផងដែរ។
ឯកឧត្តម ជុង អ៊ីយ៉ុង មានជំនឿមុតមាំថា ក្រោមការដឹកនាំ របស់សម្តេចប្រធានរដ្ឋសភា និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី ដែលពោរពេញដោយ សមត្ថភាព ភាពស្វាហាប់នោះ កម្ពុជានឹងមានការរីកចម្រើនកាន់តែឆាប់រហ័ស ហើយកិត្យានុភាពកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយឡើងនៅលើឆាកអន្តរជាតិ ៕