កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន ៧៣នាក់ ចេញបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
ភ្នំពេញ៖ នាវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញមានវត្តមានដ៏ខ្ពងខ្ពស់ ជូនដំណើរកងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចេញបំពេញបេសកកម្ម អសប នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នេះជាកងទី១២ ដែលនឹងធ្វើយុទ្ធដំណើរប្តូរវេនទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ កម្លាំង ដែលចេញដំណើរនាពេលនេះ មានចំនួនសរុប៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏ផ្តាំផ្ញើរពាក្យពេចន៍លើកទឹកចិត្ត ដល់កងកម្លាំងមួកខៀវកម្ពុជា ខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យដូចរាមច្បងមុនៗ ដែលធ្លាប់បានសម្រេចបាននូវស្នាដៃដ៏ល្អប្រសើរ ប្រកបដោយកិត្តិយសជូនជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា កម្លាំងទាំងអស់ត្រូវយកបទពិសោធន៍ និងប្រពៃណីដ៏ល្អផូរផង់ទាំងនោះ មកប្រតិបត្តិឱ្យបានត្រឹមត្រូវ ពិសេសត្រូវគោរពប្រតិបត្តិលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានម៉ឺងម៉ាត់ រួមផ្សំនឹងបទដ្ឋានអន្តរជាតិនានា ដែលអស់លោកបានទទួលការហ្វឹកហ្វឺនរៀនសូត្រឱ្យបានល្អ ព្រោះប្រការទាំងអស់នេះចាត់ទុកថា អស់លោកបានបំពេញគ្រប់លក្ខណៈសម្បត្តិមានសមត្ថភាពសម្រាប់សម្រេចភារកិច្ចរបស់ខ្លួន៕