ឥណ្ឌូនេស៊ី ស្នើរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យបានលឿន ក្នុងការចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងភ្នំពេញ និងកោះសូម៉ាត្រា
ភ្នំពេញ៖ ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យបានលឿន ក្នុងការចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងភ្នំពេញ និងកោះសូម៉ាត្រា។
ការស្នើរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ធ្វើឡើងក្នុងឱកាស ជំនួបសម្តែងការគួរសមរវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ ឯកឧត្តមអភិបាលរាជធានី បានលើកពីរបបប៉ុល ដែលធ្វើឱ្យរាជធានីភ្នំពេញ ធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះ ប្រទេសជាតិ និងក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន រហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះចំពោះការអភិវឌ្ឍ រីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែក ស្វែងរកសន្និភាពពីសំណាក់ ឥស្សរជនកំពូលៗ របស់សាធារណរដ្ឋ ឥណ្ឌូនេស៊ី នោះគឺលោក ស៊ូកាណូ (Soekano) និងលោក អាលី អាឡាតាស(Ali Alatas)។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរាជធានី បានបញ្ជាក់ថា ដើម្បីតបស្នងសងគុណ ចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦,២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង ៥,៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
ព្រមជាមួយគ្នានេះ ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ បានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាល ក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។
ក្នុងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ី នៅរាជធានីភ្នំពេញ ជាង២,០០០នាក់ ដែលគ្រោងនឹងបោះឆ្នោតសកល នៅខែកុម្ភៈខាងមុខនេះ និងជំរុញឲ្យការចុះ MoU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងកោះសូម៉ាត្រាឲ្យបានលឿន ៕